ពាក្យស្វាគមន៍

Sunday, July 28, 2013

ខុងជឺ (៥៥១​ _ ៤៧៦ មុនគ.ស)



ថ្ងៃនេះប្លក់សម្រាប់កូនខ្មែរ សូមលើកយកប្រវត្តិទស្សនវិទូខុង ជឺ មកបង្ហាញមិត្តអ្នកអាន
ខុងជឺជាមហាទស្សនវិទូចិនមួយរូបដ៏ល្បីល្បាញ មានកិត្តិនាមស្មើនឹងសូក្រាតនៅប្រទេសក្រិច ។
តាមពិតលោកឈ្មោះ « ជឺ »  មានត្រកូល « ខុង » ស្ថិតក្នុងសម្ព័ន្ធ « លូ » ។ រាជវង្សស្ថិតនៅខាងត្បូងខេត្តចាន់ តុង នៃរាជាណាចក្រចិនខាងកើត ។ វង្សត្រកូលរបស់លោកជាអភិជន ហើយតាមការស្រាវជ្រាវ វង្សត្រកូលនេះ មានពូជធារតមកពីរាជវង្ស « ចាង » ដែលជាសន្តិវង្សមួយគ្រប់គ្រងប្រទេសចិន សម័យរជ្ជកាល « ចូវ » ។ ដោយសារសង្គ្រាមវាយលុកពីកុលសម្ព័ន្ធ « ចូវ » ស្ថិតនៅភាគពាយព្យទន្លេលឿង រាជវង្សចាង ក៏ត្រូវរលាយ បាត់បង់ក្នុងសង្គ្រាម ឯសមាជិកគ្រូសារដែលរួចផុតពីសេចក្តីស្លាប់ក៏បន្លំខ្លួនក្នុងកុលសម្ព័ន្ធ « លូ » ។

            ១. កំណើតខុងជឺ
            ខុង ជឺ កើតនៅឆ្នាំ ៥៥១ មុន គ.ស ក្នុងទីងងឹតនៃក្រហែងថ្មភ្នំមួយនៃស្រុកចាន់ តុង ក្បែរវាលចិញ្ចឹមសត្វរបស់លោកម្ចាស់នៃសន្តិវង្ស « លូ » ។ មុនពេលចាប់កំណើត និងថ្ងៃកើតរបស់ខុង ជឺ មានអព្ភូតហេតុចម្លែកគួរឳ្យកត់សម្គាល់គឺ៖ ព្យុះភ្លៀង      រន្ទះ ... ។ ខុង ជឺកំព្រាឪពុកតាំងពីអាយុ៣ឆ្នាំ ហើយមានចិត្តសប្បុរសធម៌តាំងពីក្មេង តែគាត់រស់ក្នុងភាពទីទ័លក្រ ។ លុះអាយុបាន២០ឆ្នាំ គាត់រៀបការជាមួយស្ត្រីជនជាតិម៉ុងហ្គោលម្នាក់ ហើយមានកូនប្រុសម្នាក់ឈ្មោះ « លី » ។ ម្តាយខុង បានរក្សាក្បួនច្បាប់នៃត្រកូលចាង ជាច្រើនសម្រាប់ខុង ។ ដោយការខិតខំស្រាវជ្រាវ ខុងបានក្លាយជាគ្រូម្នាក់ដែលមានចំណេះដឹងសព្វវិជ្ជា ពិសេសខាងវិជ្ជាពេទ្យ ។ ខុងចេះទស្សន៍ទាយ គាត់ជាអ្នកបង្ហាត់ឳ្យប្រជាជនចិន ចេះសែនព្រេនដូនតា តាមលក្ខណៈថ្មី ។ ខុងបានក្លាយជាអាចារ្យពេលអាពាហ៍ពិពាហ៍ ឬក្នុងពិធីបុណ្យផ្សេងៗ ។ កិត្តិនាមខុងបានល្បីល្បាញពេញស្រុកចាន់ស៊ី ហើយពេលនោះទស្សនវិជ្ជារបស់ខុង ក៏ចាប់ផ្តើមរីកដុះដាល គេប្រសិទ្ធិនាមឳ្យគាត់ថា « ជូ » ប្រែថាបណ្ឌិត ចាប់ពីពេលនោះមក ។
            នៅអាយុ ៤៩ឆ្នាំ ខុតត្រូវបានព្រះមហាក្សត្រ តែងតាំងធ្វើជាសេនាបតីធំម្នាក់ក្នុងវាំង ។ ខុង ជឺ បានផ្សព្វផ្សាយ ទស្សនវិជ្ជារបស់គាត់គ្រប់ទិសទីក្នុងបំណងឳ្យប្រជាជនចិន ស្គាល់នូវតម្លៃរបស់ខ្លួន និងចង់កែប្រែនូវរបបនយោបាយសង្គមកិច្ច ឳ្យប្រជាជនចិន រួចពីការជិះជាន់​តែត្រូវព្រះមហាក្សត្រ « លូ »​ជំទាស់ ។ ដោយវិបត្តិនយោបាយ ខុង បានភៀសខ្លួនពីស្រុកមួយទៅស្រុកមួយអស់រយៈពេល១៣ឆ្នាំ ។ ក្នុងដំណើររបស់គាត់នេះ មានយុវជនជាច្រើនរាប់ពាន់នាក់ដែលសុំខ្លួនជាសិស្សតាមដង្ហែគាត់ ។ ក្នុងចំណោមសិស្សគាត់ទាំងនេះ មានសិស្សខ្លះបានក្លាយជាអ្នកប្រាជ្ញ​           បណ្ឌិត  មេទ័ព   នាម៉ឺន   សេនាបតី និងជាទស្សនវិទូដ៏ល្បីល្បាញក្នុងប្រទេស​ ។ ខុង ជឺ បានវិលត្រឡប់ចូលមកស្រុកលូវិញ ក្នុងជន្មាយុ៧០ឆ្នាំ ។ ខុងបានផ្សព្វផ្សាយទស្សនវិជ្ជារបស់គាត់អស់រយៈពេល១៣ឆ្នាំ ក្នុងស្រុកចិនទាំងមូល ព្រមទាំងបើកសាលាបង្រៀនទស្សនវិជ្ជាដល់សាវ័កទៀតផង ។ ខុង ជឺ ពុំគ្រាន់តែជាគ្រូបង្ហាត់ក្បួនខ្នាតផ្សេងៗទេ ថែមទាំងជាអ្នកដឹកនាំប្រជាជនឳ្យអនុវត្តនូវទំនៀមទំលាប់សុទិដ្ឋិនិយមផ្នែលវប្បធម៌ សង្គមធម៌ និងសាសនាថែមទៀត ។ ខុង បានកែប្រែនូវទំនៀមទំលាប់ចាស់អន់ថយឳ្យទៅជារីកចម្រើនវិញ គេឃើញប្រជាជនចិន ចាប់ប្រើក្រដាស និងជក់ ដុសថ្នាំពណ៌ខ្មៅសម្រាប់សរសេរតាំងពីសម័យខុងមក និងទំនៀមទំលាប់សាងផ្នូរដូនតារាល់ឆ្នាំក៏ជាគំនិតខុងដែរ ។
            ក្រោយពីដំណើរផ្សងព្រេងអស់រយៈពេល១៣ឆ្នាំ ខុងបានត្រឡប់ចូលអាណាចក្រលូវិញ ។ ក្នុងវ័យជរាណាស់ទៅហើយ គាត់រស់បាន៣ឆ្នាំ ក្នុងសំណាក់សាវ័កទាំងឡាយ ហើយធ្វើមរណកាលក្នុងឆ្នាំ៤៧៩ មុនគ.ស ។
២. ទស្សនវិជ្ជាខុងជឺ
            ខុង ជឺ បានចងក្រងគម្ពីរឈ្មោះថា « លាវ យី » ប្រែថា៖ សិល្បៈទាំង៦ ជាសិល្បៈ មានគោលដៅស្វែងរកនូវសេរីភាព ឯកត្តជន ក្នុងនយោបាយ និងសេដ្ឋកិច្ច ។ ទស្សនវិជ្ជាទាំង៦ របស់ខុង ជឺ៖
១. គម្ពីរឈ្មោះយី ចែងពីការផ្ទេរកម្មសិទ្ធិ និងមរតក ។
២. គម្ពីរឈ្មោះចេ ជាកំណាព្យនិទានសម្រាប់បម្រើសោភ័ណធម្មជាតិ ។
៣. គម្ពីឈ្មោះលី ចែងពីការប្រារព្ធធ្វពិធីសែនព្រេនផ្សេងៗ ។
៤. គម្ពីរឈ្មោះយ៉ូ ចែងពីបទភ្លេង និងសម្រៀងបណ្តែតអារម្មណ៍ ។
៥. គម្ពីរឈ្មោះជូ ចែងពីប្រវត្តិសាស្ត្រ និងពង្សសាវតានៃប្រទេសចិន ។
៦. គម្ពីរឈ្មោះឈូស៊ាវ ឬគម្ពីរនិទាឃរដូវ និងសរទសរដូវ ជាប្រវត្តិសាស្ត្រជាក់ស្តែងពីសន្តិវង្សលូ ។
            ចំពោះគុណសម្បត្តិនៃទស្សវិជ្ជាខុង ជឺ បានឳ្យតម្លៃទៅលើសប្បុរសធម៌            មនុស្សធម៌ និងយុត្តិធម៌ដូចមានពំនោលខាងក្រោម៖
- ធ្វើគុណទៅហើយ បើគេតបគុណមកវិញចាត់ទុកដូចពុំបានធ្វើគុណ ។
- ធ្វើគុណទៅហើយ បើបានទទួលផលអាក្រក់ត្រូវទទួលយកការពិសោធដោយដៃទាំងពីរ ។
            ក្រៅពីនេះខុងបានបង្កើតសីលធម៌មួយទៀតឈ្មោះថា « ជិន » ប្រែថា៖ ស្រឡាញ់អ្នដទៃ ។ ខុងមានបំណងឳ្យអ្នកសិក្សាស្រឡាញ់ផលប្រយោជន៍ និងជីវិតអ្នកដទៃ ឳ្យដូចជារបស់ផងខ្លួនដែរ ។
- អំពើណាមួយដែលអ្នកពុំចង់ឳ្យគេធ្វើមកលើរូបអ្នក ចូរអ្នកកុំធ្វើអំពើនេះ ទៅលើអ្នកដទៃ ។
- អំពើណាមួយដែលអ្នកចង់ឳ្យគេធ្វើមកលើរូបអ្នក ចូរអ្នកធ្វើអំពើនោះទៅអ្នកដទៃជាមុនសិន ។
- អ្វីដែលអ្នកមិនសប្បាយចិត្តចំពោះអ្នកធំ ធ្វើមកលើរូបអ្នក ចូរអ្នកកុំយកទៅអនុវត្ត លើមនុស្សក្រោមបង្គាប់អ្នក ឳ្យសោះ។
៣. ទេព្តាទាំង៦ របស់មជ្ឈមណ្ឌលជូ
            ខុង ជឺ ផុតរលត់ជីវិតមែន តែបានបន្សល់នូវសាវ័ក ៦នាក់ ដែលគេហៅថា « ទេព្តាទាំង៦ » របស់មជ្ឈមណ្ឌលជូគឺ៖
- សាវ័កមហាញាណទី១ ឈ្មោះ ស៊ីង សាន ជាអ្នកទស្សនវិជ្ជាតំណាងឳ្យខុង ជឺ នៅសម័យក្រោយ ។
- សាវ័កមហាញាណទី២ ឈ្មោះ យេន ហួយ​ ជាអ្នកកវីសេកមាស ។
- សាវ័កមហាញាណទី៣ ឈ្មោះ សឺ លូ សុខចិត្តប្រឆាំងនឹងឪពុកជាមហាសេដ្ឋីដើម្បីធ្វើសិស្សខុង ជឺ ។
- សាវ័កមហាញាណទី៤ ឈ្មោះ សឺ ម៉ានាវ មានកិត្តិនាមជាងគេ បានរួចជីវិតពីការប៉ុន ប៉ងសម្លាប់របស់បងប្រុសបង្កើតដោយខុង ជឺ​ជួយសង្គ្រោះ ។
- សាវ័កមហាញាណទី៥ ឈ្មោះ គង់ យេធាង ជាអ្នកប្រាជ្ញគម្ពីរលី គាត់ចេះពិធីការសែនព្រេន និងសិល្បៈចាប់ទឹកមុខ ។
- សាវ័កមហាញាណទី៦ ឈ្មោះ សួន ឈីង ជាអ្នកទោសអស់ជីវិត តែត្រូវខុង ជឺ សង្គ្រោះជាថ្នូរ និងការដោះប្រស្នា ។
            សាវ័កទាំង៦ របស់ខុង ជឺ នេះហើយដែលបន្តវេនខុង និងធ្វើឳ្យទស្សនវិជ្ជារបស់ខុង ជឺ រស់ជានិច្ចកាលក្នុងស្មារតីប្រជាជនចិន ។
(បើលោកចង់អានពីប្រវត្តិពិស្តារ របស់ទស្សវិទូ ខុង ជឺ សូមអានសៀវភៅទស្សនវិជ្ជាខុង ជឺ រំលាយមហាកំពែងចិន)


0 ចំនួនមតិ:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks